ព័ត៌មានជាតិ

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ចាប់អារម្មណ៍ ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ ពីសក្តានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុន អាម៉េរិកធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ ពីសក្តានុពល វិនិយោគនៅកម្ពុជា។

ការបង្ហាញការចាប់អារម្មណ៍របស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នាឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១ ធ្នូ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ជំនួបនេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នា របស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី ។ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដែលមានតំណាង ក្រុមហ៊ុន អាម៉េរិកធំៗជាច្រើន បានបង្ហាញការចាប់ អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន)។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាព នៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយ ផលសម្រាប់ការ វិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន និងបានបង្ហាញ ពីតួនាទីកម្ពុជា ក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់អាស៊ាន ក្នុងនាមជាច្រកតភ្ជាប់ វិនិយោគិនអាម៉េរិក ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយនឹងកិច្ចសហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃធនាគារដៃគូ។

អង្គប្រជុំបានធ្វើការពិភាក្សា ពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុនវិនិយោគដោយផ្ទាល់ (FDI) ពីសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា ឱ្យកាន់តែច្រើន និងការស្វែង រកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនង រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណងអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើកំណែទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួល ពាណិជ្ជកម្មផងដែរ។

ជំនួបរវាងជាមួយគណៈប្រតិភូ US-ABC មិនត្រឹមតែជាការសម្តែង ការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជា វេទិកាទំនាក់ទំនង រវាងរដ្ឋនិងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការ ដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ ។ ជំនួបនេះត្រូវបានរំពឹងថា នឹងបង្កើនទំនុកចិត្តរបស់ វិនិយោគិនអាម៉េរិក មកលើទីផ្សារកម្ពុជា និងបន្តជំរុញ ឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែលនឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ របស់កម្ពុជានាពេលអនាគត៕

To Top