ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះពិនិត្យ និងទប់ស្កាត់ករណី មានការលេចធ្លាយ ឧស្ម័នអាម៉ូញាក់ របស់រោងចក្រ ទឹកកកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់មន្រ្តី ជំនាញចុះពិនិត្យ និងទប់ស្កាត់ករណី មានការលេចធ្លាយឧស្ម័ន អាម៉ូញាក់របស់រោងចក្រទឹក កកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិត ទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញ នៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំហានដំបូងក្រុមការងារ បានធ្វើការណែនាំ អំពីបទដ្ឋាន បច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុល ក្នុងបរិយាកាស ។

ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូល ទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ និងមិនមានការលិចជ្រាបបន្តទៀតឡើយ ។ ទោះជាយ៉ាងណា ក្រុមការងារ នឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុល ដល់បរិស្ថាន និងសុខភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

To Top