កាណាដា សន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើការអភិវឌ្ឍ ថាមពលស្អាត
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម លោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំកម្ពុជា ខណៈលោកទូត ថា កាណាដា សន្យាពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើការអភិវឌ្ឍថាមពលស្អាត និងកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើង អំពីផែនការសកម្មភាព ដែលក្រសួងបរិស្ថាន បានអនុវត្តយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ពិសេសលើភាពស្អាត ដែលទទួលបានការគាំទ្រ នឹងចូលរួមពីប្រជាពលរដ្ឋជាង ១៤ លាននាក់ ក្នុងការប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយបានធ្វើឱ្យមូលដ្ឋាន ស្អាតជាបណ្តើរៗ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងកំពុងដាក់ចេញនូវការបណ្តុះទម្លាប់ស្អាត ជាមួយសិស្សានុសិស្សនៅតាមសាលារៀន ដោយបានចែកធុងសំរាម ឱ្យពួកគាត់ចេះទុកដាក់សំរាម ញែកសំរាមឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រសួងមានគម្រោងបង្កើតទីលានទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកប្រយោជន៍ សេដ្ឋកិច្ចចេញពីសំរាម និងសំណល់ប្លាស្ទិក ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត កាណាដា បានថ្លែងកោតសរសើរ ប្រជាជនកម្ពុជារាប់លាននាក់ ដែលបានចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការរួមចំណែកសំខាន់ ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

លោក បានធ្វើការចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា បង្កើតថាមពលស្អាត ការកែឆ្នៃសំណល់។ល ។ ឯកអគ្គរដ្ឋទូត ប្រទេសកាណាដា បានបន្ថែមទៀតថា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសជំរុញការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ប្រទេសកាណាដា កំពុងពិនិត្យនៅកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត ៕
