ព័ត៌មានជាតិ

សម្តេចធិបតី៖ ការជឿជាក់ និងការបណ្ដាក់ទុនវិនិយោគ របស់ធុរជនអាមេរិ​កនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-អាម៉េរិក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សកម្មភាពរបស់ធុរជន អាម៉េរិក ដែលជឿជាក់ និងបានបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ទ្វេភាគី កម្ពុជា-អាម៉េរិក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់​ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោក Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់​ចំពោះការប្ដេជ្ញាចិត្ត របស់ក្រសួង​-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។

លោក Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយម ចំពោះភាពជាអ្នកដឹកនាំ របស់សម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់វិនិយោគិន និងវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន​ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាព នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូ ក៏បានបង្ហាញ អំពីបំណង ក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។

បន្ថែមពីនេះ តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់ នូវការប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដើម្បីចូលរួមចំណែកសម្រេចឱ្យបាន នូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំ ឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់ និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យ របស់វិនិយោគិន ដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើង ពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។

សម្ដេចធិបតី បានលើកទឹកចិត្ត ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង​-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top