ព័ត៌មានជាតិ

កម្ពុជា-ឆែក ឯកភាពគ្នាក្នុងការលើកកម្ពស់ ឱ្យមានការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ម៉ាកេតា កូល ហៃកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានឯកភាពក្នុងការលើកកម្ពស់ ឱ្យមានការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀត ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បានលើកឡើងថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលលោកស្រី នឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។

ក្នុងនោះលោកស្រីឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី​ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូត​របស់លោកស្រីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត​ ។

សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចធិបតី និងលោកស្រី បានឯកភាពក្នុងការលើកកម្ពស់ ឱ្យមានការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀត ក្នុងការជំរុញដល់ការវិនិយោគ។

ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកស្រីឱ្យទទួលបានជោគជ័យ នៅក្នុងបេសកកម្មការទូតនៅកម្ពុជាផងដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top