ព័ត៌មានជាតិ

ក្រសួងការងារ ក្រើនរំលឹកជាថ្មីអំពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្រើនរំលឹកជាថ្មីដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អំពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។
ការក្រើនរំលឹកជាថ្មីនេះ គឺដោយសារតាមការសង្កេតយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្អែកលើស្ថានភាពអាកាសធាតុដែលបន្តមានការប្រែប្រួល គ្រោះថ្នាក់ជាយថាហេតុមួយចំនួន អាចកើតមានឡើងនៅកន្លែងធ្វើការជាអាទិ៍ករណីអគ្គិភ័យ និងករណីដួលសន្លប់ ជាដើម។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹក និងណែនាំជាថ្មីថា ដើម្បីបន្តលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដោយរក្សាឱ្យបាននូវបរិយាកាសការងារល្អ ជាពិសេសការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន សូមម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

១- បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្ដៅឧបករណ៍ផ្តល់ចរន្ត អគ្គិសនី ដោយគោរពតាមស្តង់ដាសុវត្ថិភាព និងថែទាំឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារៈដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែង ធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។
២- អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិត ឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និង ធ្វើលំហាត់សមឱ្យបានទៀងទាត់។
៣- ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
៤- ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់ អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៥- ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់ សម្ភារៈបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៦- រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែលមាន ប្រើប្រាស់សារធាតុគីមី និងវត្ថុឬសម្ភារៈងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុ ទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
៧- ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
៨- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេល អាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល។
៩-ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន ១កែវ នៅរៀងរាល់ ១៥-២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។
១០- ត្រូវរៀបចំឱ្យមានប្រព័ន្ធស្រោចទឹកនៅលើដំបូលអគារផលិតកម្ម ឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុង ១ថ្ងៃ ឬបន្ថែមសំណាញ់នៅលើដំបូលអគារផលិតកម្ម ដើម្បីកាត់បន្ថយកម្ដៅ។
១១- ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ដល់ កម្មករនិយោជិតដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណ នៃសហគ្រាស គ្រឹះស្ថាន។
១២- ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយ ទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ជាឡចំហាយ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួង ស្ថាប័នជំនាញ។
១៣- ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាព ការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេសការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យ ការងារនៅកន្លែងធ្វើការជាប្រចាំ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្តីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាម ច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់ អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត។

បើតាមក្រសួងការងារ ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតអាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬ ក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់បណ្ដឹង របស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពនិងសុខភាព កម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពឡើងកម្ដៅខ្លាំង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

To Top