ទូតកាណាដា សន្យាថា នឹងជំរុញអ្នកវិនិយោគ មកកម្ពុជា បន្ថែមទៀត
ភ្នំពេញ ៖ លោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគមកកម្ពុជា បន្ថែមទៀត។ ការសន្យានេះធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកឯកអគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការី ដែលបានជួបសម្ដែងការគួរសមនាពេលនេះ ។
សម្តេចតេជោបានចាត់ទុកវត្តមានរបស់លោកអគ្គរដ្ឋទូតកាណាដា នឹងធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ សម្តេចបានសម្ដែងនូវក្តីរីករាយផងដែរ ចំពោះការវិលត្រឡប់របស់កាណាដា សាជាថ្មី ក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ របស់កាណាដាចំពោះទំនាក់ទំនង ជាមួយនឹងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។

លោកបានបង្ហាញនូវភាពរីកចម្រើន នៃទំនាក់ទំនងកម្ពុជានិងកាណាដា ហើយលោកផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលលោកបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។ លោក សង្ឃឹមថា វត្តមានរបស់លោកនៅក្នុងប្រទេសកម្ពុជា
នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ជាពិសេសលោកនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងកាណាដា កាន់តែមានភាពសកម្ម។
លោកក៏បានលើកឡើងពីពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលចុងក្រោយនេះ គឺមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹង ទំនាក់ទំនងទ្វេភាគីផ្នែកនយោបាយ និងការទូតរវាងកាណាដានិងកម្ពុជា។
ក្នុងឱកាសនោះ សម្តេចតេជោ បានសម្ដែងនូវក្តីរីករាយ ចំពោះការលើកឡើងរបស់លោកអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោ បានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្ម ដែលមានប្រមាណជាង១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នា ក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។
សម្ដេចតេជោសង្ឃឹមថា កម្ពុជានិងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀត ដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះ នៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតកាណាដា ក៏បានសម្ដែងនូវក្តីអរគុណ ចំពោះសម្តេចតេជោសារជាថ្មី ជាពិសេសលោកចាប់អារម្មណ៍ចំពោះការលើកឡើង របស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ លោកមិនមែនចាប់អារម្មណ៍តែពេលនេះនោះទេ គឺឯកឧត្តមបានចាប់អារម្មណ៍ តាំងពីពេលដែលលោកនៅកាណាដា មកម៉្លេះ ហើយលោកបានសិក្សាអំពីប្រវត្តិ តស៊ូរបស់សម្ដេចតេជោផងដែរ។
លោកសន្យាថា នឹងជំរុញបន្ថែមទៀត ឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយលោកបានបញ្ជាក់ថា នៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយលោក នឹងជំរុញការវិនិយោគបន្ថែមទៀត ពីអ្នកវិនិយោគកាណាដា ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា សូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕
