ឆែក នឹងមកវិនិយោគ លើវិស័យកសិកម្ម ដំណាំម្រេច នៅកម្ពុជា
ភ្នំពេញ ៖ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានឱ្យដឹងថា នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគ ទៅលើកសិកម្ម គឺដំណាំម្រេចនៅកម្ពុជា។ ការឱ្យដឹងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រីឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ចំពោះលោកស្រីឯកអគ្គរដ្ឋទូតឆែកនិងសហការី ហើយសម្ដេចបានចាត់ទុកវត្តមាន របស់លោកស្រីជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពី ការផ្ដល់តម្លៃពីសាធារណរដ្ឋឆែក មកកាន់ប្រទេសកម្ពុជា ពោលគឺទំនាក់ទំនងរវាងកម្ពុជា និងឆែកតែម្ដង។
សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានិងឆែកមាន ទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សា នៅប្រទេសនេះដែលជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។
ក្នុងឱកាសនោះលោកស្រីឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបនិងសម្ដែងការគួរសម ក្នុងឱកាសនេះ។

លោកស្រី Marketa Kolc Hajkova បានលើកឡើងថា ក្នុងអាណត្តិដែលលោកស្រី ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងកម្ពុជានិងឆែក ឱ្យមានភាពរីកចម្រើននិងល្អប្រសើរ ពោលជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែកឱ្យកាន់តែរីកចម្រើន ជាពិសេស លោកស្រីនឹង ប្រឹងប្រែងកៀងគរអ្នកវិនិយោគ នៅក្នុងសាធារណរដ្ឋឆែក ឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។
លោកស្រីឯកអគ្គរដ្ឋទូតឆែក បានថ្លែងប្រាប់សម្ដេចតេជោថា លោកស្រីបានរំលេចថា នៅក្នុងខួបឱកាសខួប៧៥ឆ្នាំ លោកស្រីនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំ ព្រឹត្តិការណ៍នានា រួមទាំងការទស្សនកិច្ចផ្លូវការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់លោកស្រី ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នា ឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរ ឱ្យមានភាពល្អប្រសើរ។
សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូទំនាក់ទំនងការងាររវាងកម្ពុជានិងឆែក ប្រទេសទាំងពីរក៏ក្នុងក្របខ័ណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែក នៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញ៉ាំងផ្លែផ្កា ដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកស្រីឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារ៕
