ធនាគារពិភពលោក បើកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ចាត់ទុកទេសចរណ៍ ជាវិស័យអាទិភាពមួយ សម្រាប់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ នៅកម្ពុជាកន្លងមក និងពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន ក្នុងសហគមន៍ នៅទីស្តីការក្រសួង ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារពិភពលោក (World Bank) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អ នាពេលកន្លងមកដល់ធនាគារ ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យ នូវគម្រោងធំៗ និងសំខាន់ជាច្រើនក្នុងប្រទេស រួមទាំងលទ្ធផលសិក្សា ពីការចូលរួមចំណែក របស់វិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងអាជីវកម្មនៅនឹងកន្លែង។


តាមរយៈលទ្ធផលកន្លងមក ដោយមានកិច្ចសហការល្អ ពីរាជរដ្ឋាភិបាល និងការចូលរួមចំណែក របស់វិស័យទេសចរណ៍ ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក (WB) បានលើកពីគម្រោងរបស់ធនាគារ ដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូ រវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្ត បង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួម ជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេង ដល់សហគមន៍ និងប្រជាជនកម្ពុជា៕


ដោយ៖ ដារាត់| ដើមអម្ពិល
