ខេត្តហ៊្វូជៀន នៃប្រទេសចិន និងរាជធានីភ្នំពេញ គ្រោងង្កើតការិយាល័យពាណិជ្ជកម្ម ជំរុញទំហំវិនិយោគកាន់តែធំជាងមុន
ភ្នំពេញ៖ ខេត្តហ៊្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុន ខណៈដែលខេត្តហ៊្វូជៀន បានវិនិយោគទុនជាច្រើន នៅរាជធានីភ្នំពេញ។

ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាព និងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង និងបានបញ្ជាក់ថារាជធានីភ្នំពេញ មានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើការប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញ និងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជា បានកំពុងជីកព្រែកហ្វូណន់តេជោ ដែលទំនិញទាំងនោះ នឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹក នាពេលខាងមុខ ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុត លើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋ ដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០% ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់ បម្រើលើវិស័យនេះ និងបានស្នើរសុំឱ្យខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញ ឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាការឆ្លើយតបលោក ហ្វាង ឈុន បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀន ផងដែរ ដោយបញ្ជាក់ថា ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋ ចំនួន៤២លាននាក់។ សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។

លោក ហ្វាង ឈុន បានបន្តថា ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយ ដែលប្រធានាធិបតីចិនលោក ស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ្វ៊ូជៀន ក៏ជាខេត្តដែលផលិត និងនាំរថយន្តអគ្គិសនី ចេញទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។


បន្ថែមលើនេះ លោក ហ្វាង ឈុន បានជំរុញឱ្យវិនិយោគគិនទាំងអស់ បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុន នៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ ឱ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងនោះដើម្បីជំរុញការវិនិយោគ កាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និងខេត្តហ្វ៊ូជៀន បានឯកភាពគ្នា ក្នុងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ៕





ដោយ៖ ដារាត់| ដើមអម្ពិល
