លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ទីតាំងលយចូលចំណីផ្លូវលេខ១៥៥
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះដោយផ្ទាល់ដើម្បី ពិនិត្យ និងរៀបចំអនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសងខាង ផ្លូវលេខ ១៥៥ ក្នុងក្រុងពោធិ៍សាត់។

លោកអភិបាលក្រុងបានចុះពិនិត្យ និងណែនាំចំពោះទីតាំងដែលបាន សាងសង់តូប រោង សំយ៉ាប ឬ លយចូលចំណីផ្លូវសាធារណៈ ដែលបង្កឲ្យមានការរំខានដល់ចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់។

ទន្ទឹមនឹងនេះ ក៏មានការណែនាំដល់ម្ចាស់លំនៅដ្ឋានដែលខ្វះអនាម័យ និងសោភ័ណភាព ដើម្បីជំរុញឲ្យពួកគាត់ចូលរួមសម្អាត និងថែរក្សាបរិស្ថាននៅមុខផ្ទះរៀងៗខ្លួន។

លោក ផាយ ឡេង បានសង្កត់ធ្ងន់ថា ការងារសណ្តាប់ធ្នាប់ក្រុងត្រូវតែធ្វើឡើងដោយភាពម៉ឺងម៉ាត់ និងជាប់លាប់ ដើម្បីសោភ័ណភាពក្រុងពោធិ៍សាត់ឲ្យកាន់តែមានភាពទាក់ទាញ និងជាទីក្រុងស្អាត។ លោកអភិបាលក្រុងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការរុះរើសំណង់ ឬសម្ភារៈដែលលយចូលចំណីផ្លូវសាធារណៈ ដើម្បីផលប្រយោជន៍រួម៕


ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល
