ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ បើយោង តាមព័ត៌មានទទួល បានពីយោធភូមិភាគទី៤ របស់កម្ពុជា ថា កាលពីថ្ងៃទី២ ធ្នូ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាង របស់ភាគីថៃឡើយ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានឲ្យដឹងថា បើយោងតាមព័ត៌មាន ទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គឺ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាង របស់កងទ័ពភូមិភាគទី២ ថៃឡើយ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ ក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ ថៃ បានចេញផ្សាយថា «មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថា ជាមីនដែលបានដាក់ដោយកម្ពុជា»។

ក្រសួងការពារជាតិកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្ត សហគមន៍អន្តរជាតិ និងលាក់កំបាំង នូវមហិច្ឆតារំលោភបំពានខុសច្បាប់ របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

លោកស្រី អ្នកនាំពាក្យ គូសបញ្ជាក់ថា « សូមជម្រាប ជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាង របស់កងទ័ពភូមិភាគទី២ថៃឡើយ»។

ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវ ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីន ដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពាន មកលើដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់ សេចក្តីថ្លែងការណ៍ រួមស្តីពីសន្តិភាព រវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធ នឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណង បន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយ ផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ៕

To Top