ទូតចិនជឿជាក់ថា ការអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផលកាន់តែច្រើន
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងយាងដូច្នេះថា សូមស្វាគមន៍ ជាមួយការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។

លោកជឿជាក់ថា ការអនុវត្តគោលនយោបាយនេះនឹងទទួលបានសមិទ្ធផលកាន់តែច្រើននៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា» និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងចិននិងកម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ធ្នូ បានឲ្យដឹងថា រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ ដូចខាងក្រោម៖
១- ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែ បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។

២- អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើនឹងចរចាជាមួយភាគី រដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅ ប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តង នាពេលអនាគត។ ដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕
