រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ទីរជំនាញពន្លឿនការរៀបចំ «កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨)» ឱ្យមានភាពត្រឹមត្រូវ និងទាន់ពេលវេលា
ខេត្តត្បូងឃ្មុំ៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៦-២០២៨) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្ត។
ក្នុងឱកាសនោះ លោក ពាង ណារិទ្ធ បានមានលើកឡើងថា កិច្ចប្រជុំនេះ គឺដើម្បីក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្ត រួមជាមួយសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) និងត្រួតពិនិត្យមើលលើការពិពណ៌នា អំពីស្ថានភាពបច្ចុប្បន្ន របស់រដ្ឋបាលខេត្ត និងវាយតម្លៃ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) ឲ្យស្របតាមផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ឲ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តខេត្តត្បូងឃ្មុំ ។

លោកបន្តថា អត្ថប្រយោជន៍នៃការប្រជុំពិនិត្យ និងផ្តល់យោបល់នេះ ជាយន្តការដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍។

លោកបានលើកឡើងថា ការជួបជុំពិភាក្សានេះ គឺជាឱកាសដើម្បីកែតម្រូវ នូវចំណុចខ្វះខាត និងដាក់បញ្ចូលនូវធាតុចូលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និងសក្តានុពលរបស់ខេត្ត។

ទន្ទឹមនឹងនេះ លោក បានលើកទឹកចិត្ត ដល់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស សូមបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ និងស៊ីជម្រៅ ជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាបានថា រាល់ទិន្នន័យ ស្ថិតិ និងគម្រោង ដែលបានស្នើឡើង ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨) ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស មុននឹងសម្រេចដាក់ចេញជាផ្លូវការ។


ជាចុងក្រោយ លោក ពាង ណារិទ្ធ អភិបាលរង បានជំរុញឱ្យគ្រប់ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ បង្កើនការយកចិត្តទុកដាក់ ពន្លឿនការរៀបចំ និងកែសម្រួលសេចក្តីព្រាងសៀវភៅវិនិយោគនេះ ឱ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីធានាថា ខេត្តត្បូងឃ្មុំ មានផែនការវិនិយោគមួយដ៏រឹងមាំ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រកបដោយចីរភាព៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល
