ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារឱ្យភាគីថៃ ដោះលែងយោធិនកម្ពុជាទាំង ១៨រូប តាមគ្រប់មធ្យោបាយការទូត ។
នេះបើយោងតាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។

ដើម្បីឆ្លើយតបទៅនឹង ការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តី អំពីស្ថានភាព យោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃ កំពុងបន្តឃុំឃាំងខ្លួន អ្នកនាំពាក្យក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ព័ត៌មានបច្ចុប្បន្នភាពដូចតទៅ ៖
អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែង ឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូត ដែលអាចធ្វើទៅ បាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ ជាមួយមេដឹកនាំក្នុង តំបន់ និងអន្តរជាតិ និងការសម្របសម្រួល ជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាល បានបន្តទាក់ទងធ្វើ ការជាមួយយ៉ាងជិត ស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យ យោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្រប តាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នា ក៏បានទទួលដំណឹង អំពីសុខទុក្ខរបស់ពួកគេជាប់ ជាប្រចាំ ។ គណៈកម្មាធិការកាក បាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀម ខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមាន ការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕
