ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្នុងខណ្ឌព្រែកព្នៅ ស្នើអាជ្ញាធរឱ្យពន្លឿន ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់​ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរ ពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវនិងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី  ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់​ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគា​ត់ ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះបានធ្វើឡើងក្រោម អធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

តាមរយៈវេទិកានេះ មានប្រជាពលរដ្ឋបានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់ ពន្សាំង កប់ស្រូវ និងសង្កាត់សំរោង ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹង សំណើនិងសំណូមពរ របស់ប្រជាពលរដ្ឋដែលបានលើកឡើងនេះ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រី ជំនាញចុះដោះស្រាយជូន ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងនោះលោក ឆាយ វីរៈ បានណែនាំឱ្យអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសុរិយោដីត្រូវរិះរកមធ្យោបាយដោះស្រាយ បញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន នៅក្នុងខណ្ឌ ហើយបង្ខិតសេវា ឱ្យកាន់តែកៀក កាត់បន្ថយភាពស្មុគស្មាញ​ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានបណ្ណកម្មសិទ្ធិនេះ និងមិនលើកបញ្ហានេះ នៅវេទិកាលើកក្រោយទៀតឡើយ ។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរ បានអះអាងថា ការវាស់វែងចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌព្រែកព្នៅនេះ បានរួចរាល់ព្រមទាំងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានមួយភាគធំរួចហើយដែរ។

ជាមួយគ្នានេះចំពោះសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើផ្លូវ ធ្វើលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី តំណាងមន្ទីរសាធារណ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាង ពីការត្រៀមបញ្ជូនមន្ត្រី ជំនាញ ចុះទៅសិក្សាលំអិតនៅសប្តាហ៍ក្រោយនេះ រួមទាំងការធ្វើរបាយការណ៍ បញ្ជូនទៅអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្នុងខណ្ឌព្រែកព្នៅ គឺមានប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន ៧នាក់ស្មើនឹង ១៤បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន ៣៩សំណើ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top