ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ គន្លឹះដែលនាំឱ្យពូកែ និងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់សិស្សនុសិស្សាថា អាថ៌កំបាំងមួយក្នុងការសិក្សា ដើម្បីធ្វើឱ្យខ្លួនពូកែ និងលេចធ្លោ នោះ គឺការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។

ក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតជាង ២០០ នាក់ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា ជាការពិត វិស័យអប់រំប្រទេសកម្ពុជា បានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំង រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ក្រោយពីប្រទេសមានសន្តិភាព ពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

លោក ថា« សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិត ទាំងបរិមាណទាំងគុណភាព ។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាង ដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។

ទន្ទឹមនឹងនេះ លោក ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះឬអាថ៌កំបាំងដែលជួយឱ្យយុវជន ក្លាយខ្លួនជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូច្នេះថា «ប៉ុន្តែ សូមក្មួយៗចងចាំទុកនូវអាថ៌កំបាំងមួយ ក្នុងការសិក្សាដើម្បីធ្វើឱ្យខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា ក្មួយៗចងចាំថា ទោះជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះរបស់សាលាបានឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយមានការតាំងចិត្តខិតខំ ដោយមានគោលដៅច្បាស់លាស់ក្មួយ ក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ។

ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍ ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលមិនបានរៀនសូត្រពីក្មេង ដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាមលោក ប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាពដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែ ការតាំងចិត្ត និង កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត គឺជាគន្លឹះដែលមិនអាចមើលរំលង បានដើម្បីអាចឈរជើងក្នុង សង្គមបានដូចសព្វថ្ងៃ៕

To Top