ព័ត៌មានជាតិ

អត្ថបទវិភាគ៖ «បញ្ហាព្រំដែន! បើមិនជួយចូកមិនជួយចែវ សូមកុំយកជើងរាទឹក»

បញ្ហាព្រំដែនជារឿងស្មុគស្មាញ ដោយហេតុថា វាគឺជាបញ្ហាបច្ចេកទេសផង វិទ្យាសាស្ត្រផង និងច្បាប់អន្តរជាតិផង បូកបញ្ចូលគ្នាទើបអាចធ្វើការងារនេះបាន។ ក្នុងកិច្ចការនេះទាល់តែអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ ទើបអាចធ្វើការជាមួយដៃគូប្រទេសជិតខាង បានដោយប្រសិទ្ធភាព។

បើគ្រាន់តែនិយាយរឿងព្រំដែន តាមបែបនយោបាយគឺជារឿងងាយស្រួលបំផុត។ ប្រទេសកម្ពុជាយើង មិនសូវសម្បូរអ្នកជំនាញកិច្ចការព្រំដែនទេ ហើយពួកគេភាគច្រើនបម្រើការងារ នៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ប៉ុន្តែ បើនិយាយពីអ្នកចូលចិត្ត និយាយរឿងព្រំដែនវិញ គឺសម្បូរខ្លាំងណាស់ ទោះបីជាពួកគេគ្មានជំនាញខាងព្រំដែនក៏ដោយ ពីព្រោះរឿងនេះងាយកេងចំណេញនយោបាយ ដូចជាលោក អ៊ំ សំអាន ជាដើម។

អ្នកជំនាញព្រំដែននិងអ្នកនិយាយកិច្ចការព្រំដែន មានលក្ខណៈសម្គាល់ខុសគ្នា៖ អ្នកជំនាញព្រំដែន មិនសូវនិយាយចេញជាសាធារណៈទេ ពីព្រោះការងារនេះភាគច្រើនមានលក្ខណៈសម្ងាត់ និងស្មុគស្មាញខ្លាំង ទាមទារឱ្យមានការពន្យល់ច្បាស់លាស់។ ចំណែកអ្នកនិយាយរឿងព្រំដែនវិញ គឺជាប្រភេទមនុស្សមាត់ដាច និយាយបានគ្រប់រឿង គ្រប់ពេល។ អ្នកជំនាញសំអាងលើផែនទី និយាមការ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

ចំណែកឯអ្នកនិយាយរឿងព្រំដែន សំអាងលើវោហាសាស្ត្រ ទោះដឹងមិនច្បាស់ក៏ហាមាត់និយាយបានដែរ។ ហេតុដូច្នេះហើយបានជាអ្នកជំនាញ កម្រចេញមុខនិយាយរឿងព្រំដែនជាសាធារណៈណាស់ ខណៈដែលអ្នកប្រោគប្រាជ្ញ រឿងព្រំដែនវិញនិយាយរាល់ថ្ងៃ ជួនកាលមួយថ្ងៃនិយាយពីរបីដងក៏មាន។

ជាក់ស្តែង លោក អ៊ុំ សំអាន ដែលក្រុមប្រឆាំងក្រៅស្រុក ចាត់ទុកជាអ្នកជំនាញខាងព្រំដែននោះ ចេញមុខនិយាយរឿងព្រំដែនរហូត ប៉ុន្តែ ការនិយាយស្តីរបស់គាត់ហាក់មិនឃើញ មានបង្ហាញការសំអាងដែលលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រអ្វីទេ គឺច្រើនតែចោទប្រកាន់តាមបែបនយោបាយទៅវិញ។ ភស្តុតាង សំអាងហេតុ ដែលលោក អ៊ុំ សំអាន លើកមកបង្ហាញតាមរយៈហ្វេសប៊ុករបស់គាត់ ភាគច្រើនយកប្រភពពីសារព័ត៌មានថៃ និងសម្តីរបស់បុគ្គលមួយចំនួន ឬឃ្លីបវីដេអូដែលមានប្រភពមិនច្បាស់លាស់ ដើម្បីចោទរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសថាធ្វើឱ្យបាត់ទឹកដី។

បើវិភាគទៅលើគោលបំណងរបស់លោក អ៊ុំ សំអាន គេអាចយល់បានភ្លាមថា គាត់ផ្តោតលើទិដ្ឋភាពនយោបាយច្រើនជាងបច្ចេកទេស។ ឧទាហរណ៍ បើនិយាយពីព្រំដែនកម្ពុជា-ថៃ អ្នកជំនាញត្រូវគិតដល់ផែនទី ដែលបន្សល់ដោយអាណានិគមន៍បារាំង ដើម្បីធ្វើជាគោល។ ផ្តើមចេញពីផែនទីគោលនេះ ទើបគេស្វែងរកព្រំដែនលើផែនដីជាក់ស្តែង ដោយគោរពតាមនិយាមការដែលបានបង្ហាញ។ គឺមិនដូចលោក អ៊ុំ សំអាន ឱ្យតែលឺអ្នកណានិយាយ ឱ្យតែឃើញឃ្លីបវីដេអូដែលនិយាយពីព្រំដែន ទោះបីអ្នកនិយាយនោះ មិនយល់ទាល់តែសោះរឿងបច្ចេកទេសព្រំដែន ក៏គាត់អាចយកមកផ្សាយ ដើម្បីកេងចំណេញនយោបាយបានដែរ។ សូមបងប្អូនតាមមើលរាល់ការផុសរបស់គាត់ នៅលើហ្វេសប៊ុក គឺអាចយល់បានហើយ។ ដូច្នេះ តាមរយៈទឡ្ហីករណ៍ទាំងនេះ គេអាចសន្និដ្ឋានបានថា លោក អ៊ុំ សំអាន មិនមែនជាអ្នកជំនាញកិច្ចការព្រំដែនទេ ប៉ុន្តែ គាត់គ្រាន់តែជាអ្នកនយោបាយ និយាយរឿងព្រំដែនតែប៉ុណ្ណោះ។

ដូច្នេះ ដើម្បីយល់ដឹងពីបញ្ហាព្រំដែនពិតប្រាកដ យើងចាំបាច់ត្រូវស្តាប់អ្នកជំនាញពន្យល់ និងខិតខំស្រាវជ្រាវបន្ថែម ហើយកុំឆាប់ជឿលើពួកអ្នកនយោបាយ ដែលជាក្រុមប្រឆាំងជ្រុលនិយមឱ្យសោះ ពីព្រោះសារធាតុរបស់ពួកគេគឺស្វែងរកផលចំណេញ ខាងនយោបាយតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីការការពារ ប0ន្ទាត់ព្រំដែនពិតប្រាកដដូចការអះអាងឡើយ។ ជាធម្មតា ការស្តាប់អ្នកជំនាញមិនសូវពិរោះជក់ចិត្តទេ ពីព្រោះអ្នកជំនាញនិយាយតែពីបច្ចេកទេស និងច្បាប់ដែលមហាជនទូទៅ មិនសូវចូលចិត្តស្តាប់ប៉ុន្មានឡើយ។ ប៉ុន្តែ បើតាំងចិត្តស្តាប់ដោយក្តីស្រេកឃ្លានចំណេះដឹង យើងពិតជាទទួលបានព័ត៌មានជាច្រើន ពីអ្នកជំនាញសម្រាប់ជាមូលដ្ឋាន ក្នុងការពិចារណារឿងព្រំដែន។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរដែលបារម្ភរឿងព្រំដែន និងចង់តាមដានរឿងព្រំដែន គួរព្យាយាមចំណាយពេល ស្តាប់ក្រុមអ្នកជំនាញពន្យល់ ជាជាងស្តាប់ ឬជឿតាមពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម ពីព្រោះបុគ្គល ឬក្រុមនេះតែងស្វែងរកផល ចំណេញខាងនយោបាយ ខណៈដែលអ្នកជំនាញនិយាយ តែពីបច្ចេកទេសសុទ្ធសាធ ដើម្បីការពារជាដាច់ខាត នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីជាតិយើង។

នៅក្នុងកិច្ចការព្រំដែននេះទៀតសោត វាពាក់ព័ន្ធនឹងបូរណភាពទឹកដី។ ដូច្នេះ មានតែការប្រើប្រាស់បច្ចេកទេស និងច្បាប់អន្តរជាតិតាមរយៈយន្តការ ដែលបានព្រមព្រៀងគ្នាទេ ទើបអាចធានាបាននូវភាពត្រឹមត្រូវ នៃបន្ទាត់ព្រំដែន។ វោហាសាស្ត្រនយោបាយមិនបានផ្តល់ផលចំណេញអ្វី ដល់ការងារព្រំដែនឡើយ ជាពិសេសបើវោហាសាស្ត្រនោះ មានគោលដៅកេងចំណេញនយោបាយដូចករណីលោក អ៊ុំ សំអាន និងគូកនជាដើម។ ផ្ទុយទៅវិញ វោហាសាស្ត្រនយោបាយអំពីរឿងព្រំដែន នាំដល់ការរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន បង្កអរិភាពជាមួយប្រទេសជិតខាង និងបង្កើតភាពភាន់ច្រឡំ ឬចលាចលសង្គមទៅវិញទេ។ ប្រសិនបើយើងស្រឡាញ់ទឹកដី ស្រឡាញ់ជាតិមែន ត្រូវទុកឱកាសឱ្យអ្នកជំនាញធ្វើការ។

ដូច្នេះ អ្នកនយោបាយនិយាយរឿងព្រំដែនដូចលោក អ៊ុំ សំអាន​ និងគូកនដែលជាក្រុមប្រឆាំងជ្រុលនិយម គួរបញ្ឈប់ការនិយាយអ្វី ដែលគ្រាន់តែកេងចំណេញនយោបាយ។ សូមនិយាយតែអ្វីដែលមានប្រយោជន៍ពិតប្រាកដ ចំពោះប្រទេសជាតិ។ បើខ្លួនមិនច្បាស់ សូមទុកឱ្យអ្នកជំនាញ ធ្វើការហើយកុំបង្កឧបសគ្គដល់ពួកគេ ដូចសុភាសិតមួយចែងថា «បើមិនជួយចូក មិនជួយចែវ សូមកុំយកជើងរាទឹក»៕
ដោយ វង្ស មករា៖ សាស្ត្រាចារ្យ​ និងអ្នកវិភាគនយោបាយសង្គម

To Top