ព័ត៌មានជាតិ

ប្រមុខដឹកនាំកំពូលកម្ពុជា បានផ្លាស់ប្តូរមុខមាត់កម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ប្រមុខដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍ និងការផ្លាស់ប្តូរមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដ៏គួរឱ្យកត់សម្គាល់។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” នៅថ្ងៃទី៤ ធ្នូ លោក ស៊ុន ចាន់ថុល បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋាននាំមកនូវការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងជាពិសេស ការផ្លាស់ប្តូរមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ដ៏គួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិ ជាពិសេស លោកបានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរជូនចំពោះការយកចិត្តទុកដាក់រៀបចំយ៉ាងស្វាហាប់របស់ក្រសួង ដែលនាំឱ្យពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ថ្នាក់ពិភពលោក ផ្នែករចនាការតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន នាពេលកន្លងទៅ។

តាមរយៈការរៀបចំដ៏ទំនើប ការតុបតែងដ៏ទាក់ទាញ និងការដាក់តាំងបង្ហាញ ផលិតផលប្រកបដោយគុណភាពខ្ពស់ នៅក្នុងពិព័រណ៍យ៉ាងមហោឡារឹក ក្នុងឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករ ដ៏សំខាន់ក្នុង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេសគឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្ម ក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម ៕

To Top