ព័ត៌មានជាតិ

ដំណើរសប្បុរសធម៌នៃគម្រោង មីជាតិ “កាតាបខ្ញុំ អនាគតខ្ញុំ” ធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ មីជាតិ ក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” រួមចំណែកដោះស្រាយបញ្ហា សិស្សានុសិស្ស នៃសាលាបឋមសិក្សាពោធិ៍សាត់មួយចំនួន កំពុងប្រឈមនឹងការខ្វះខាតសម្ភារសិក្សាចាំបាច់ សម្រាប់ការសិក្សារបស់ពួកគេ ។

មីជាតិ បាននាំយកសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាលារៀនរួមមាន៖ កាតាបស្ពាយ មួកមីជាតិ ឃីតសម្ភារៈសិក្សា ដបទឹក កញ្ចប់ឃីតចំណីអាហារ មីជាតិ វីតាល់ និងកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍សាលារៀន ។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនមីជាតិ, លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ មន្ត្រីរាជការអង្គភាពជុំវិញ ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០នាក់ ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនមីជាតិ បានថ្លែងថា គម្រោងមីជាតិ “កាតាបខ្ញុំ អនាគតខ្ញុំ” គឺជាការចូលរួមចំណែក ជាផ្នែកមួយ នៃការលើកទឹកចិត្ត និងជម្រុញដល់ការសិក្សារបស់កូនៗ ក្មួយៗជម្រុញទឹកចិត្ត កូនៗ ក្មួយៗ ឱ្យខិតខំរៀនសូត្រ ក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមទាំងជាទំពាំងស្នងឫស្សី ជាមូលធនមនុស្សមានប្រយោជន៍ដល់សង្គមជាតិនាពេលអនាគត ។

លោកស្រីបន្តទៀតថា ការចូលរួមលើកកម្ពស់ការអប់រំ ដោយផ្ទាល់ ឬប្រយោលរបស់ពលរដ្ឋម្នាក់ៗ ក្រុមតូចៗ ក៏ដូចជាស្ថាប័នឯកជន ជាផ្នែកមួយ នៃការអភិវឌ្ឍន៍ វិស័យអប់រំនៅកម្ពុជាឱ្យកាន់ល្អប្រសើរ ប្រកបដោយគុណភាព និងចីរភាព ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី សូមថ្លែងអំណរគុណ ដល់អតិថិជនមីជាតិទាំងអស់ ដែលងាកមកគាំទ្រ ផលិតផលក្នុងស្រុក ផលិតផលជាតិ ជាពិសេសដេប៉ូចែកចាយ ដែលបានចូលរួមគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ក្នុងធានាថ្លៃលក់សមស្រប ជូនដល់អ្នកប្រើប្រាស់ ។

លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មីជាតិ នូវគំនិតផ្តួចផ្តើមយ៉ាងប្រពៃ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ខ្វះខាតនៃសាលាបឋមសិក្សាពោធិ៍សាត់ ។ លោកបានបន្តទៀតថា ការចុះមកផ្ទាល់ជាមួយសម្ភារជាច្រើនថ្ងៃនេះ ជាកាយវិការប្រកបដោយឆន្ទៈខ្ពស់ មានអត្ថន័យពុំអាចថ្លែងបាន ពីវិស័យឯកជនផ្ទាល់ ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការអប់រំ ។

គួរបញ្ជាក់ផងដែរថា មីជាតិ គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” កើតឡើងបាន ក៏ដោយសារចំណែក នៃការគាំទ្រពី អតិថិជន និងអ្នកប្រើប្រាស់ ដោយបានផ្តល់នូវការជឿទុកចិត្ត បន្តទទួលទាន និងជាវ មីជាតិ ដែលជាផលិតផលរបស់ខ្មែរមុនដំបូងគេ នៅកម្ពុជា ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មានរសជាតិខ្មែរ បង្កើតឡើងដោយផលិតករខ្មែរ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន។ ក្រោមស្មារតីនៃគម្រោង “ខ្មែរដើម្បីខ្មែរ” មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកឆ្លើយតបបញ្ហាសង្គម និងសកម្មភាពសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ <មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ>

To Top