ខែវិច្ឆិកា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគប្រមាណ ២៦២លានដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៤ពាន់កន្លែង»។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារងាម៉េរិក ។
ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក គឺចំនួន គម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មា ធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង៕
