ព័ត៌មានជាតិ

ព្រះមហាក្សត្រ ក្លាយជាសមាជិក នៃបណ្ឌិតសភា វិទ្យា សាស្ត្រ ឯនាយសមុទ្រ ធ្វើឱ្យព្រះរាជកិត្តិនាម របស់ព្រះអង្គកាន់តែល្បី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ក្លាយជាសមាជិក សមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺបានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គ កាន់តែល្បីសុសសាយ រន្ទឺបន្ថែមទៀត ។

ក្នុងឱកាសទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្លាយជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមន្ស រីករាយឥតឧបមា ដែលបានទទួលដំណឹងថា ព្រះអង្គបានចូលជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។

សម្តេចតេជោមានប្រសាសន៍បន្តថា ឆ្លៀតក្នុងឱកាស ដ៏វិសេសវិសាលនេះ សម្តេច សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្តីរំភើប និង អបអរសារទយ៉ាង ជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជា សមាជិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មានមោទនភាពទទួលបាននូវមហាកិត្តិយស ដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិ និងអន្តរជាតិ ។

សម្តេចតេជោក៏បានសូមបួងសួង ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលបាននូវជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងព្រះរាជបេសកកម្មថ្មីនេះ នៅក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ៕

To Top