នាយករដ្ឋមន្រ្តី ៖ ១០ខែ ឆ្នាំនេះ កម្ពុជា បានទទួលអ្នកដំណើរ តាមផ្លូវអាកាសជាង៥លាននាក់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនជាតិសាសន៍ បានធ្វើដំណើរតាមផ្លូវអាកាស ចូលមកព្រះរាជាណាចក្រកម្ពុជា ជាង៥លាននាក់ ។

យោងតាមសារលិខិតក្នុង ឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរ ជាមួយ១៦ប្រទេស និង៣៩ទីក្រុង ។ ដោយក្នុងនោះបានតភ្ជាប់ទៅកាន់ក្រុង និងប្រទេស៨ ក្នុងតំបន់អាស៊ាន ។

សម្តេចធិបតីបន្តថា ប្រទេសនិងក្រុងទាំង៨នោះរួមមាន ៖ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ។ ក្នុងនោះបានទទួលអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង៥លាន៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានចំនួន ត្រឹមតែ៥លាននាក់។

សម្តេចធិបតីបន្ថែមថា ទន្ទឹមនឹង ការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ។ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា បានសម្រេច ដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់ វិនិយោគសរុប ៣,៦០០ លានដុល្លារ រួមមាន ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ដែលបានសម្ពោធ ដាក់ដំណើរការឆ្នាំ២០២៣ , អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់ វិនិយោគ ២០០ លានដុល្លារ ដែលបានសម្ពោធ ដាក់ដំណើរ ការឆ្នាំ២០២៤ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕
