លោកប្រាក់ សុខុន និង សមភាគីវៀតណាម នឹងធ្វើជាសហប្រធានកិច្ចប្រជុំ នៃប្រតិបត្តិការ សេដ្ឋកិច្ច-វប្បធម៌
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង កាបរទេសខ្មែរ និងលោក ឡេ ហើយជុង រដ្ឋមន្រ្តីក្រសួង ការបរទេស វៀតណាម នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥ ខែធ្នូ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាមចាប់ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។
ការអញ្ជើញ មកធ្វើជាសហប្រធាន ក៏ដូចជាទស្សនកិច្ចនៅកម្ពុជារបស់លោក ឡេ ហើយជុង ជាមួយរដ្ឋមន្រ្តី ការបរទេសកម្ពុជានេះ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ។
សេចក្តីប្រកាសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២១ នឹងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់នូវសន្ទុះថ្មី ដល់ទំនាក់ទំនងដ៏រឹងមាំ និង ពហុវិស័យ ដោយផ្អែកលើការជឿទុកចិត្តគ្នាខ្ពស់ ផ្នែកនយោបាយ រួមទាំងពង្រឹងបន្ថែមទៀត នូវស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ក្នុងឱកាសស្នាក់នៅកម្ពុជា លោកឡេ ហើយជុង ក៏នឹងចូលជួបសម្តែងការគួរសម ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផងដែរ៕
