រដ្ឋមន្ដ្រីអប់រំ ណែនាំឱ្យបន្ដពង្រឹងការអប់រំកាយ ទាំងក្នុង និងក្រៅសាលារៀន ដើម្បីសុខភាព
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យបន្តពង្រឹងការអប់រំកាយ និងកីឡា ទាំងក្នុងសាលារៀន និងក្រៅសាលារៀន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង។
ក្នុងពីធីបិទសិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកីឡា គណៈកម្មការរៀបចំ អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ បានចូលរួមនិងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងវិស័យកីឡាបន្ត រួមមាន ៖ ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់, សិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ, ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព, បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពលនិងសកម្ម, បំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។
លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បន្តបណ្តុះបណ្តាលកីឡាករថ្នាល និងកីឡាករជម្រើសជាតិដោយមានការតាមដាន និងវាយតម្លៃបច្ចេកទេសឱ្យបានត្រឹមត្រូវ, បន្តពង្រឹងការអប់រំកាយ និងកីឡាក្នុងសាលារៀនដោយយកចិត្តទុកដាក់លើការអនុវត្តម៉ោងអប់រំកាយ និងកីឡា ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង, ពង្រីកការអប់រំកាយ និងកីឡានៅក្រៅសាលារៀន ដោយយកចិត្តទុកដាក់លើការអភិវឌ្ឍទីលានកីឡា ការជំរុញការហាត់ប្រាណ ដើម្បីសុខភាព ការបង្កើតក្លឹប និងសមាគមកីឡានៅតាមរាជធានី ខេត្ត»។

សូមជម្រាបថា អង្គសិក្ខាសាលានេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើរបាយការណ៍សមិទ្ធផលអនុវិស័យអប់រំកាយ និងកីឡា ដែលបានអនុវត្តក្នុងឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ ជាពិសេសផ្តល់ឱ្យកាសដល់រាជធានី-ខេត្ត និងសហព័ន្ធកីឡាជាតិ ផ្តល់ធាតុចូលនូវបញ្ហាប្រឈម និងសំណូមពរ ដើម្បីឱ្យរបាយការណ៍លទ្ធផល និងទិសដៅអនុវិស័យ បានពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឯកភាពគ្នាដាក់ចូលក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាខែកុម្ភៈ ឆ្នាំ២០២៥ នាពេលខាងមុខ៕
