ព័ត៌មានជាតិ

ទូកល្បឿនលឿនភ្នំពេញ-សៀមរាប បានលេចវត្តមានជាថ្មី

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ ។

ជាមួយនឹងការលេចវត្តមាននេះ ក្រសួងនឹងអញ្ជើញ ម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប មកស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតនាវា ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ៥ ធ្នូនេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ បានឃើញពីការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្ម ទូកល្បឿនលឿន ភ្នំពេញ-សៀមរាប (Cambodia River Express) ។ ករណីនេះ អ្នកនាំពាក្យ បញ្ជាក់ថា កាលពីច្រើនឆ្នាំមុន ពេលសេវាកម្ម ដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាសនៅមានការលំបាក និងមិនសូវទំនើប តែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ មានសកម្មភាពសេវាកម្មយ៉ាងមមារញឹក ។ ប៉ុន្តែក្នុងអំឡុងក្រោយៗមកទៀត ក៏ស្ងាត់បាត់វត្តមានមួយរយៈធំ បន្ទាប់ពីមានការរីកចម្រើនដ៏ខ្លាំង នូវការដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៦ បានសាងសង់រួចរាល់ ហើយការដឹកជញ្ជូន តាមផ្លូវអាកាស ក៏កាន់តែទំនើប ងាយស្រួល រហ័ស តម្លៃសមរម្យ បូករួមនឹងកត្តាបញ្ហាហិរញ្ញវត្ថុក្រុមហ៊ុនអាជីវកម្ម។

ចំពោះការលេចវត្តមាន សេវាកម្មទូកល្បឿនលឿន ភ្នំពេញ-សៀមរាបនេះ លោកផន រឹម សង្កត់ធ្ងន់ថា ក្រសួងចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើស កាន់តែសំបូរបែប ដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរ ដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់ នៅលើផ្ទៃទឹកជាដើម។

អ្នកនាំពាក្យអះអាងថា ទន្ទឹមនឹងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ នឹងសហការដោយអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតនាវា ព្រមទាំងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ជលយាន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ ។
លោកបន្ថែមថា ជារួម ក្រសួងសាធារណការ តែងគាំទ្រសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក និងជំរុញឱ្យមានសេវាកម្មនេះឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងផ្តល់ជម្រើសកាន់តែសំបូរ បែបដល់អ្នកដំណើរ៕

To Top