ព័ត៌មានជាតិ

លោក ឃ្លាំង ហួត ស្នើឱ្យក្រុមហ៊ុននាំចូលសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ទាំងអស់ ត្រូវគិតគូរពីគុណភាព ដែលធានាដល់សុវត្ថិភាព អ្នកប្រើប្រាស់

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យក្រុមហ៊ុនទាំងអស់ មានការគិតគូរពីគុណភាព និងសុវត្ថិភាពជាចម្បង ដោយនាំចូលតែប្រភេទសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ណា ដែលមានគុណភាព និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់សំណង់ ។

ក្នុងឱកាសតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៧ របស់សមាគមអ្នក សាងសង់កម្ពុជា និងពិធីសម្ពោធបើកតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃ្លាំង ហួត បានគូសបញ្ជាក់ថា ដោយសារសន្តិភាព និងមានភាពជឿជាក់ ពីការដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានោះ រដ្ឋបាលរាជធានីភ្នំពេញ រំពឹងថាវិនិយោគិនទាំងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេស នឹងបន្តការវិនិយោគ និងការអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យ មានដូចជាការ សាងសង់សំណង់អគារពាណិជ្ជកម្ម អគារពហុមុខងារ សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប និងរោងចក្របន្ថែមទៀត ។

ក្នុងនោះ ដើម្បីឆ្លើយតប ទៅនឹងការរីកចម្រើន ការវិនិយោគនិងការអភិវឌ្ឍន៍នៃការសាងសង់ សំណង់អគារខ្ពស់ៗនិងទំនើបៗទាំងនេះ និងជាពិសេសដើម្បីឱ្យការសាងសង់សំណង់ មានគុណភាពនិងសុវត្ថិភាពនោះ លោក ឃ្លាំង ហួត អះអាងថា កម្ពុជា មានតម្រូវការជាចាំបាច់ ទាំងផ្នែកបច្ចេកវិទ្យានៃការសាងសង់ និងសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រ សំណង់ទំនើបៗដែលមានគុណភាព សុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ ដើម្បីយកមកប្រើក្នុងការសាងសង់សំណង់ ។

លោក ឃ្លាំង ហួត មានប្រសាសន៍ថា “ក្នុងនាមរដ្ឋបាលសាលារាជធានីភ្នំពេញ ស្នើឱ្យក្រុមហ៊ុនទាំងអស់ មានការគិតគូរពីគុណភាព និងសុវត្ថិភាពជាចម្បង ដោយនាំចូលតែប្រភេទសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ណា ដែលមានគុណភាព និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់សំណង់”។

ជាមួយគ្នានេះ​ លោកអភិបាលរង ក៏បានថ្លែងអំណរគុណ ដល់សមាគមអ្នកសាងសង់កម្ពុជា ​ដែលបានរៀបចំ កម្មវិធីពិព័រណ៍ឧស្សាហកម្ម សំណង់អន្តរជាតិនេះឡើង ជារៀងរាល់ចុងឆ្នាំដ៏គួរឱ្យមាន ចំណាប់អារម្មណ៍ផងដែរ ។

យោងតាម ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ថា នេះជាឆ្នាំទី១៥ហើយ ដែលសមាគមបានរៀបចំសន្និបាត បូកសរុបការងារប្រចាំឆ្នាំ និងជាលើកទី១៣ នៃ ការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេ នៅប្រទេសកម្ពុជា។ ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិនេះ មានសារៈសំខាន់ណាស់ សម្រាប់ជាការឆ្លើយតបទៅនឹងការរីកចម្រើន ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

ទទ្ទឹមនឹងនេះ ឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍនេះ តម្រូវការសម្ភារៈ បរិក្ខារ គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រឹមត្រូវតាមស្តង់ដា សំណង់ពិតជាចាំបាច់ ប៉ុន្តែដោយកម្ពុជាបច្ចុប្បន្ន នៅពុំទាន់មានរោងចក្រផលិតគ្រឿង ចក្រសំណង់សម្បូរបែប សម្រាប់ផ្គត់ផ្គង់ ឲ្យបានគ្រប់គ្រាន់ នៅឡើយ ទើបសមាគមអ្នកសាងសង់កម្ពុជា រៀបចំការតាំងពិព័រណ៍ឧស្សាហកម្មសំណង់នេះឡើង ដើម្បីផ្តល់ឱកាស ដល់ក្រុមហ៊ុន សំណង់ទាំងអស់​ បានជួបប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់។ ម្យ៉ាងវិញទៀត ការរៀបចំកម្មវិធីនេះ ក៏មានគោលបំណង ដាក់បង្ហាញអំពីសម្ភារ បរិក្ខារ គ្រឿងចក្រសំណង់ និងបច្ចេកវិទ្យា នៃការសាងសង់ ដែលមាននៅទីផ្សារកម្ពុជា ជាពិសេស លើកទឹកចិត្ត ដល់វិនិយោគិនកម្ពុជា និងបរទេស ឲ្យមកបង្កើតរោងចក្រផលិតសម្ភារបរិក្ខារឧស្សាហកម្មសំណង់នៅប្រទេស កម្ពុជាបន្ថែមទៀតផងដែរ៕ដោយ៖​ ដារាត់| ដើមអម្ពិល

To Top