ព័ត៌មានជាតិ

កម្ពុជា បារម្ភ ចំពោះការប៉ុនប៉ង ឥតឈប់ឈររបស់ថៃ ចំពោះអនុសញ្ញាអូតាវ៉ា

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានប្រាប់ប្រធាននៃកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ទីក្រុងហ្សឺណែវ អំពីក្តីព្រួយបារម្ភរបស់កម្ពុជាចំពោះការប៉ុនប៉ងឥតឈប់ឈររបស់ថៃ ចំពោះអនុសញ្ញាអូតាវ៉ា ឬហៅថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។
ការលើកឡើងពីការព្រួយបារម្ភនេះ បន្ទាប់ពីថៃបានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន ដោយភាគីថៃអះអាងថា កម្ពុជាបានបំពានអនុសញ្ញាអូតាវ៉ា ប៉ុន្តែជាក់ស្តែងគឺជាអ្នកបំភាន់ និងបំផ្លើសដោយខ្លួនឯទៅវិញទេ ។

យោងតាមបទអន្តរាគមន៍របស់ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេស ស្តីពី ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និងសម្រួលដល់ការអនុលោមតាម នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥បានឱ្យដឹងថា កម្ពុជាគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះអនុសញ្ញានេះ ហើយកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឥតឈប់ឈររបស់ថៃ ក្នុងការធ្វើឱ្យយន្តការអនុលោមតាមអនុសញ្ញានេះ ក្លាយជាឧបករណ៍នយោបាយ ដោយប្រើប្រាស់បញ្ហានេះ ដើម្បីកេងចំណេញនយោបាយ និងបញ្ហាទឹកដី។
លោកបន្តថា យន្តការទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីការពារអនុសញ្ញា មិនមែនដើម្បីប្រើប្រាស់ជាឧបករណ៍ក្នុងជម្លោះទ្វេភាគី ឬឧបករណ៍សម្រាប់ការផ្ញើសារជាយុទ្ធសាស្ត្រនោះទេ ។ រដ្ឋភាគី មិនគួរអនុញ្ញាតឱ្យមានការបង្កាច់បង្អួចបែបនេះទេ ។

សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយ របស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើង ដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធ បានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ អនុសញ្ញាអូតាវ៉ា ត្រូវបានអនុម័តនៅទីក្រុងអូស្លូ ប្រទេសន័រវែស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងទទួលឱ្យមានការចុះហត្ថលេខា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ១៩៩៧ ៕

To Top