ព័ត៌មានជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ «ផែនការ៥ឆ្នាំលើកទី១៥» របស់ចិន ជាឱកាសមាសសម្រាប់កម្ពុជា ជំរុញការអភិវឌ្ឍគុណភាពខ្ពស់

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ផែនការ៥ឆ្នាំលើកទី១៥ (ឆ្នាំ២០២៦-២០៣០) របស់ប្រទេសចិន» ដែលនឹងផ្តោតទៅលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការធ្វើទំនើបកម្មឧស្សាហកម្ម គឺជាកម្លាំងចលករថ្មីមួយ និងជា «ឱកាសមាស» ដែលកម្ពុជាគួរចាប់យក ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយគុណភាពខ្ពស់ និងភាពធន់។

លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជានឹងអាចទាញយកផលប្រយោជន៍ពីនិន្នាការនេះ ដោយទាក់ទាញគម្រោងវិនិយោគចិនដែលមានបច្ចេកវិទ្យាទំនើប និង ស្តង់ដារបរិស្ថានខ្ពស់ មកកាន់តំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលឧស្សាហកម្មរបស់ខ្លួន។ ការបន្តពង្រឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ក្នុងដំណាក់កាលថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវសមុទ្ររវាងកម្ពុជា និងចិន។ ការតភ្ជាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែងាយស្រួលក្នុងការសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ដែលផ្តល់ឱកាសពង្រីកការនាំចេញកសិផល និងទំនិញកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារចិនដ៏ធំ។

លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖ «ផែនការ៥ឆ្នាំលើកទី១៥» ចាប់ផ្តើមពីឆ្នាំ២០២៦ ហើយបិទបញ្ចប់នាចុងឆ្នាំ២០៣០ ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជាក្នុងការអនុវត្តឱ្យបានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក XI Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជា ក្នុងការចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍដែលកើតចេញពីការបើកចំហកម្រិតខ្ពស់ បន្តរួមគ្នាកសាងទំនុកចិត្តនយោបាយក្នុងកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ កសាងរបាំងការពារសន្តិសុខក្នុងកម្រិតខ្ពស់ អនុវត្តការផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យកាន់តែញឹកញាប់ និងអនុវត្តការសម្របសម្រួលយុទ្ធសាស្ត្រតាមស្តង់ដារខ្ពស់។ ដូចដែល លោក XI Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា៖ «ដើរជាមួយចិន គឺដើរជាមួយឱកាស ជឿជាក់លើចិន គឺជឿជាក់លើអនាគត»។

មិត្តភាពចិន-កម្ពុជា បានឆ្លងកាត់ការសាកល្បងនៃព្យុះភ្លៀងអន្តរជាតិជាច្រើនរាប់មិនអស់ ហើយនៅតែបន្តភាពរឹងមាំដូចដែកថែប។ ដូចដែលយើងបានដឹងទាំងអស់គ្នាថា កម្ពុជាគឺជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាដំបូងគេជាមួយចិនក្នុងកម្រិតទ្វេភាគី លើផែនការកិច្ចកសាងសហគមន៍វាសនារួម និងជាសហគមន៍វាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដោយប្រទេសយើងទាំងពីរនឹងជំរុញយ៉ាងខ្លាំងក្លានូវការកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកប ដោយគុណភាពខ្ពស់ បន្តពង្រឹងខ្លឹមសារនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» កម្ពុជា-ចិន និងជំរុញការកសាងឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆានិងអង្ករ។»

លោកបណ្ឌិត ជា មុនីឫទ្ធិ បានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា សិក្សាឱ្យបានស៊ីជម្រៅ អំពីខ្លឹមសារនៃ «ផែនការ៥ឆ្នាំលើកទី១៥» របស់ចិន ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងបង្កើនភាពជាដៃគូឱ្យស្របទៅតាមទិសដៅអភិវឌ្ឍន៍ថ្មីរបស់ចិន។ តាមរយៈការតភ្ជាប់ និងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនពីកំណើនដ៏រឹងមាំរបស់មហាយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ៕

To Top