អត្តពលិកជាតិ និងអន្តរជាតិ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តសៀមរាប ១៦,០០០នាក់
សៀមរាប ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ មានអត្តពលិកជាតិ និងអន្តរជាតិ ចូលរួមរត់ប្រណាំងប្រមាណ ១៦,០០០នាក់។
យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងសហការរៀបចំទិវារត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណតំបន់ រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងប្រមាណ ១៦,០០០នាក់។
ដើម្បីធានាការរៀបចំពិធីខាងលើប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរា នឹងបិទការចូលទស្សនា និងចរាចរតាមទីតាំងមួយចំនួន ដូចខាងក្រោម៖
១- បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្ត ចាប់ ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១១ថ្ងៃ។ ភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតា នៅតាមច្រកខាងកើតប្រាសាទអង្គរវត្ត
២- បិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូត ដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១១ថ្ងៃ៕





