ព័ត៌មានជាតិ

វិស័យរដ្ឋ និងឯកជន ជួបប្រជុំដាក់ផែនការ សកម្មភាពជាក់ស្តែង និងចាត់តាំងការអនុវត្តសាកល្បង​ ការលើកលែងទិដ្ឋការ សម្រាប់ទេសចរចិន ឆ្នាំ២០២៦

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ ជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំបន្ទាន់ផ្តោតលើ ផែនការសកម្មភាព ជាក់ស្តែង និងការចាត់តាំងអនុវត្ត ដើម្បីធ្វើឱ្យការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦ អាចទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

នាឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមការងារផ្នែកឯកជន, អង្គភាពប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុន ខេមបូឌា អ៊ែរផត, ក្រុមហ៊ុន អង្គរអ៊ិនធើណេសិនណល អ៊ែរផត, ក្រុមហ៊ុនអាកាសចរណ៍, និងប្រតិបត្តិករ ក្នុងឧស្សាហកម្មទេសចរណ៍ សរុបចំនួន ប្រមាណ ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា តាមសំណើ របស់ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារផ្នែក ទេសចរណ៍ (ក្រុម «ខ») ដោយមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅ ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិន អាចអញ្ជើញមកកម្ពុជា ប៉ុន្មានលើកក៏បាន។

ដោយឈរលើគោលការណ៍ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមទទួលផល, លោករដ្ឋមន្ត្រី បានស្នើក្រសួង/ ស្ថាប័នទទួលបន្ទុក និងផ្នែកឯកជន ធ្វើការផ្សព្វផ្សាយព័ត៌មាននេះ​ ឱ្យបានទូលំទូលាយ, រៀបចំផែនការជាក់ស្តែង និងចាត់តាំងអនុវត្តសកម្មភាពការងារ ដែលស្ថិតនៅក្នុងសមត្ថកិច្ច និង ជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យគម្រោង នៃការដាក់ឱ្យអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ទទួលបាននូវផលសេដ្ឋកិច្ច និងប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានេះ, អង្គប្រជុំទាំងមូល រដ្ឋ និងឯកជន មានសេចក្តីសប្បាយរីករាយក្រៃលែង និងសូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍ អនុញ្ញាតចំពោះការអនុវត្តគម្រោងសាកល្បង ការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ដែលអាចជួយទ្រទ្រង់ ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top