ក្រសួងការងារ ៖ ឱកាសការងារចំនួន ៨៣ ៩៣៨កន្លែង ថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករ និងអ្នកកំពុងស្វែង រកការងារធ្វើ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងថែមទៀត សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការងារ បានឱ្យដឹងថា ឱកាសការងារចំនួន ៨៣ ៩៣៨កន្លែង នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីអាចទទួលបាន ឱកាសការងារទាំងនោះ បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ និងបងប្អូនអតីតពលករ អាចទាក់ទង ទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្រប សម្រួលស្វែងរកការងារជូន។

បើតាមក្រសួងការងារ ដដែល គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង មានចំនួនជាង ២៩ម៉ឺននាក់។ ចំណែកឯបងប្អូនអតីតពលករ រាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕


