គ.ជ.ប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសេចក្តីព្រាង “គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ” នៅខេត្តកំពត
ភ្នំពេញ៖ លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ គ.ជ.ប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសេចក្តីព្រាង”គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប” នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត។
លោក ឆាយ សុផាន់ណា បានឱ្យដឹងថា ដោយយោងតាមអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ គ.ជ.ប បានរៀបចំឯកសារស្តីពី “គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប” ស្របតាមបទដ្ឋានជាធរមាន ជាពិសេសទៅតាមទិដ្ឋភាព អនុវត្តជាក់ស្តែងនៅ គ.ជ.ប។
គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើង សម្រាប់ប្រើប្រាស់ផ្ទៃក្នុង គ.ជ.ប និងជាឯកសារគោលសម្រាប់ចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីលម្អិតនៃការងារគ្រប់គ្រងហិរញ្ញវត្ថុ នូវគ្រប់ដំណាក់កាលនៃវដ្តថវិកា ដល់ថ្នាក់ដឹកនាំ អង្គភាពក្រោមចំណុះ គ.ជ.ប និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃគ្រប់អង្គភាពពាក់ព័ន្ធផ្សេងៗទៀត សម្រាប់អនុវត្តពង្រឹងអនុលោមភាព សង្គតិភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
គោលការណ៍ណែនាំនេះ បានដាក់ឆ្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គលេខាធិការដ្ឋាន អ.គ.ហ ដើម្បីពិនិត្យ ផ្តល់យោបល់ និងប្រមូលធាតុចូល ពីអគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ. តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានផ្តល់យោបល់ ត្រឡប់មក គ.ជ.ប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប ត្រូវអនុវត្តនៅតាមដំណាក់កាលនីមួយៗ របស់វដ្តនៃថវិកា មានជាអាទិ៍ទី១-ដំណាក់កាលរៀបចំថវិកា, ទី២-ដំណាក់កាល អនុវត្តថវិកា, ទី៣-ដំណាក់កាលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងទី៤-មានសមាសធាតុពាក់ព័ន្ធទាំងផ្នែកលទ្ធកម្មសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការងារសវនកម្មផ្ទៃក្នុង។
គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំជា ៧ ជំពូក គឺ៖
*ជំពូកទី១: សេចក្តីផ្តើម ដែលរួមមាន៖ សាវតា, គោលបំណង, វិសាលភាព និងរចនា សម្ព័ន្ធ, សារសំខាន់, វិធីសាស្រ្ត, អ្នកប្រើប្រាស់។
*ជំពូកទី២: ក្របខណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ក្របខណ្ឌគតិយុត្ត, សិទ្ធិអំណាច និងការទទួលខុសត្រូវ, អាណាប័ក, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា។ល។
*ជំពូកទី៣: ការរៀបចំថវិកា ដែលរួមមាន៖ ដំណើរការ និងប្រតិទិននៃការរៀបចំថវិកា,ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា, និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ។ល។
*ជំពូកទី៤: ការអនុវត្តថវិកា ដែលរួមមាន៖ កម្មវិធីចំណាយប្រចាំត្រីមាស, ចំណាយបន្ទុកបុគ្គលិក, ចំណាយរជ្ជទេយ្យបុរេប្រទាន, ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន ។ល។
*ជំពូកទី៥: ការតាមដាន និងការវាយតម្លៃការអនុវត្ដថវិកា
*ជំពូកទី៦: ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង
*ជំពូកទី៧: អំពីមុខងារសវនកម្មផ្ទៃក្នុង។
ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងចងក្រងចេញជាសៀវភៅណែនាំ សម្រាប់រៀបចំសិក្ខាសាលានៅថ្ងៃនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹងទទួលបានមតិយោបល់ ជាធាតុចូលបន្ថែម សម្រាប់កែលម្អទាំងខ្លឹមសារ នីតិវិធីពាក្យពេចន៍ និងអក្ខរាវិរុទ្ធជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលការណ៍ណែនាំនេះ ធានាបាននូវសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការអនុវត្តគោលការណ៍គន្លឹះៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕




