មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ណែនាំឱ្យសមាគម អ្នកសាង សង់កម្ពុជា រួមគ្នាលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈ ដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យសំណង់
ភ្នំពេញ៖ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍ ឱ្យសមាគមអ្នកសាងសង់កម្ពុជា រួមគ្នាលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់សហគ្រាស ក្រុមហ៊ុនសាងសង់ វិស្វករ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ចំណេះដឹង អំពីច្បាប់បទបញ្ញត្ដិបច្ចេកទេស ស្ដង់ដារ និងបច្ចេកវិទ្យាថ្មីៗ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៥ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដែល លោក ឡៅ ទិព្វសីហា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយ ជាពិសេសកិច្ចការងារទាំងឡាយ ដែលសមាគមអ្នកសាងសង់កម្ពុជា បានដាក់ចេញអនុវត្តសម្រាប់ឆ្នាំ២០២៦ ។

ជាមួយគ្នានេះ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ ដល់សមាគមអ្នកសាងសង់កម្ពុជា ដើម្បីតម្រង់ទិសដៅការងារជាអាទិភាព ក្នុងឆ្នាំ២០២៦ ដោយត្រូវលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់សហគ្រាស ក្រុមហ៊ុនសាងសង់ វិស្វករ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ តាមរយៈការបណ្ដុះបណ្ដាល ការបង្កើតជំនាញបច្ចេកទេស និងការផ្ដល់ចំណេះដឹង អំពីច្បាប់បទបញ្ញត្ដិបច្ចេកទេស ស្ដង់ដារ និងបច្ចេកវិទ្យាថ្មីៗ លើវិស័យសំណង់។

ក្នុងនោះលោក ឱ្យធានាគុណភាព និងសមត្ថភាពសំណង់ ដែលរាល់ការងារសាងសង់ទាំងអស់ ត្រូវធានាគុណភាព សមត្ថភាព សោភ័ណ្ឌភាព ជាពិសេសសំណង់លំនៅដ្ឋាន ត្រូវរចនាតាមបែបខ្មែរសហសម័យ ដែលមានភាពសមរម្យ សម្រាប់ការស្នាក់នៅ ។ ប្រើប្រាស់សម្ភារៈសំណង់ ដែលមានគុណភាព មានវិញ្ញាបណ្ណបត្រត្រឹមត្រូវ និងស្របតាមស្ដង់ដារ ជាតិ-អន្ដរជាតិ និងរៀបចំប្រព័ន្ធ តាមដានគ្រប់គ្រង់ ត្រួតពិនិត្យរាល់ដំណាក់កាលសាងសង់ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ។ អនុវត្ដលើការត្រួតពិនិត្យ និងបញ្ជាក់អំពីគុណភាពសំណង់ និងសមត្ថភាពសំណង់ មុននឹងដាក់ឲ្យ ប្រើប្រាស់ ដើម្បីធានានូវសមត្ថភាព រយៈពេលវែង ស្របតាមអាយុកាល នៃសំណង់។

ក្នុងឱកាសនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងពីស្នាដៃការងារវិនិយោគ និងការអភិវឌ្ឍវិស័យសំណង់ របស់សមាជិកសមាគមអ្នកសាងសង់កម្ពុជា ដែលមានគម្រោងធំៗ និងមានទឹកប្រាក់ រាប់ពាន់លានដុល្លារអាមេរិក ដូចជាគម្រោង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃប្រវត្តិសាស្ត្រ ក្រោមកិច្ចខិតខំប្រឹង ប្រែងរបស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាស្ថាបនិក គម្រោងព្រែកជីកហ្វូណនតេជោ ដែលជា យុទ្ធសាស្ត្រ ក្នុងការដឹកជញ្ជូន ស្ពានអាកាសគ្រប់ទីកន្លែង ដែលអាចជួយបញ្ចៀសការកកស្ទះចរាចរណ៍, បុរីលំនៅឋាន, អគារពាណិជ្ជកម្ម និងអគារប្រើប្រាស់ចម្រុះ ដែលមានកម្ពស់ខ្ពស់ៗ ដែលបង្កើនសោភណភាពទីក្រុងមួយកម្រិតទៀត។

ឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា សមាគមអ្នកសាងសង់កម្ពុជា គាំទ្របំផុតនូវគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការស្វែង រកឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋ ឱ្យមានលំនៅឋានសមរម្យ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០ ។

សូមបញ្ជាក់ថា ពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៥ មានការចូលរួម ពីក្រុមហ៊ុនចំនួន ៩៦ ក្រុមហ៊ុន ស្មើនឹង ២៣៣ ស្តង់ ដោយ មានសម្ភារ បរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ប្រមាណ ៥០០ ប្រភេទ រួមទាំង ៣២ ប្រភេទនៃសេវាកម្មដែល ពាក់ព័ន្ធផ្សេងៗ មកដាក់តាំងបង្ហាញ ក្នុងកម្មវិធីពិព័រណ៍ដ៏ធំនាថ្ងៃនេះ ដោយសម្ភារ និងបរិក្ខារ ព្រមទាំង គ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផលដែលបានផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេស ជាច្រើនដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ម៉ាឡេស៊ី បារាំង សឹង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន រុស្សី អាល្លឺម៉ង់ បារាំង ឥណ្ឌា ស៊ុយអ៊ែត អារ៉ាប់រួម៕
ដោយ៖ ដារាត់| ដើមអម្ពិល




