ព័ត៌មានជាតិ

អគ្គលេខាធិការអង្គការណាតូ ជំរុញឱ្យប្រទេសជាសមាជិកណាតូ ចំណាយលុយឱ្យបាន ១,១៧ពាន់លានដុល្លារ ក្នុងមួយខែ លើថ្លៃអាវុធសម្រាប់អ៊ុយក្រែន

បរទេស៖ អគ្គលេខាធិការនៃអង្គការណាតូ លោក Mark Rutte បានអះអាងថា ប្រទេសដែលជាសមាជិកអង្គការណាតូ គួរតែចំណាយប្រាក់យ៉ាងហោចណាស់ ១ ពាន់លានអឺរ៉ូ គឺប្រហែល ១,១៧ ពាន់លានដុល្លារ ក្នុងមួយខែលើអាវុធសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ រុស្ស៊ីបានរិះគន់ការប្រគល់អាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែនម្តងហើយម្តងទៀត ដោយលើកហេតុផលថា នេះគ្រាន់តែអូសបន្លាយការប្រយុទ្ធនិងបង្កើនចំនួនអ្នកស្លាប់ដោយមិនផ្លាស់ប្តូរលទ្ធផលរបស់ជម្លោះនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមាជិកអង្គការណាតូនៅអឺរ៉ុបបានសន្យាថា នឹងបន្តផ្តល់អាវុធដល់ទីក្រុងគៀវ ហើយបានចាប់ផ្តើមយុទ្ធនាការយោធាផ្ទាល់ខ្លួនរបស់ពួកគេ។

យោងតាមលោក Rutte ដែលកំពុងនិយាយនៅទីក្រុងប្រ៊ុចសែលមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅថ្ងៃពុធ ការទូទាត់នាពេលអនាគតនឹងត្រូវបានបញ្ជូនតាមរយៈកម្មវិធីបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាព (PURL)។

លោកបាននិយាយថា “ដូច្នេះ នេះគឺជាការវាយលុក និងការពារ រួមទាំងឧបករណ៍ស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសផងដែរ”។ ប្រធានអង្គការណាតូក៏បានហៅវាថាជា “ដំណឹងល្អ” ដែលសមាជិកនៃប្លុកយោធាបានទទួលប្រាក់ប្រហែល ៤ ពាន់លានអឺរ៉ូ (៤,៦៨ ពាន់លានដុល្លារ) ចាប់តាំងពីខែសីហា ក្រោមគម្រោង PURL ដោយបន្ថែមថា “យើងត្រូវការសម្រាប់ពេញមួយឆ្នាំម្តងទៀតនូវប្រាក់យ៉ាងច្រើន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top