ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងUNDP រួមគ្នាជំរុញអភិវឌ្ឍគោលដៅលំហែបៃតង និងលើកកម្ពស់ជីវភាពសហគមន៍

ភ្នំពេញ ៖ ការអភិវឌ្ឍជីវភាពប្រជាសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព គឺជាការពង្រឹងការការពារនិងការអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាទិសដៅនៃគម្រោងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថានកម្ពុជា។

ការដាក់ចេញទិសដៅការងាររួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោកស្រី Kanni Wignaraja អគ្គលេខាធិការរង និងជានាយិកាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសណ្ឋាគារ Raffle Grand Angkor ខេត្តសៀមរាប នាល្ងាច ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានថ្លែងថា ការពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយជាសហគ្រិនភាព គឺប្រៀបដូចជាការបង្កើនការជួយបង្កើនជីវភាព និងចំណេះដឹងដល់សហគមន៍ ឱ្យចេះស្ទូចត្រី ប្រសើរជាជាងការផ្តល់ត្រី។ ដែលនេះជាទស្សនវិស័យវែងឆ្ងាយ និងជាក់លាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតងដ៏ទាក់ទាញ និងការរៀបចំសហគមន៍ឆ្ពោះទៅសហគមន៍អព្យាក្រឹតកាបូន។ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយជារបៀងអេកូទេសចរណ៍ធម្មជាតិ។ នៅពេលប្រជាសហគមន៍អាចគ្រប់គ្រង និងដំណើរការគម្រោង ដោយខ្លួនឯងបាន ជួយពង្រឹងដល់ការអភិរក្សធនធានធម្មជាតិ និងពង្រីកគម្របព្រៃឈើឱ្យបានច្រើន ឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០។

ជាមួយគ្នានេះក្រសួងបរិស្ថាន កំពុងជំរុញការបណ្តុះកូនឈើតាមថ្នាលរបស់មន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគីរី ដើម្បីចែកជូនប្រជាពលរដ្ឋដាំ នៅតាមលំនៅឋាន ទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍ ដើម្បីពង្រីកភាពបៃតងនៅកម្ពុជា ដែលជាសរសរស្តម្ភមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ។

ជាមួយគ្នានេះ លោកស្រីនាយិការអង្គការ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានធ្វើការចាប់អារម្មណ៍ទៅលើកិច្ចសហប្រតិបត្តិការជំរុញភាពបៃតងនៅកម្ពុជា ជាពិសេសការជួយឱ្យសហគមន៍មានភាពរឹងមាំដើម្បីចូលរួមចំណែកក្នុងការរស់នៅមានជីវភាពរីកចម្រើនផងដែរ និងការឆ្លើយតបនឹងការប្រប្រួលអាកាសធាតុ៕

To Top