«ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» នាំមកនូវបរិយាកាសទេសចរណ៍ដ៏គួរឲ្យរំភើបមកកាន់កម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីក្រោមកិច្ចសហការជាមួយស្ថានទូតម៉ាឡេស៊ី និងទទួលការគាំទ្រពីក្រសួងទេសចរណ៍នៃកម្ពុជា បានសម្ពោធជាផ្លូវការ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នាផ្សារទំនើបអ៊ី អនម៉ល មានជ័យ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ ធ្វើឡើងក្រោមគោលបំណងផ្សព្វផ្សាយឆ្នាំទេសចរណ៍ម៉ាឡេស៊ីដែលខិតជិតមកដល់គឺឆ្នាំ២០២៦។

ក្នុងឱកាសពិធីបើកសម្ពោធពិព័រណ៍ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ក្រោមអធិបតីភាលោក Katoeu Mohammad Nossry រដ្ឋលេខាធិការ និងជាតំណាងដ៏លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Nur Herzazzaila Ghazali អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ពត រ៉ានី ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ម្ចាស់អាជីវកម្ម និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ។

លោកស្រី ពត រ៉ានី ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បានប្រាប់ឲ្យដឹងថា ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ ក៏ជាផ្នែកមួយលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាការបង្ហាញពីវប្បធម៌រស់រវើករបស់ប្រទេសម៉ាឡេស៊ី ភាពទាក់ទាញចម្រុះជាតិសាសន៍ និងបទពិសោធទេសចរណ៍ដ៏គួរឲ្យរំភើប។ ពិព័រណ៍ទស្សនាម៉ាឡេស៊ី បានពាំនាំ ក្រុមហ៊ុនទេសចរណ៍ មន្ទីរពេទ្យមកពីម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ រហូតទៅដល់ ២៤ស្ថាប័នសម្រាប់ផ្តល់ជូននូវព័ត៌មានអំពីកញ្ចប់ធ្វើដំណើរកម្សាន្ត ផ្តល់ការពិគ្រោះយោបល់ពីមន្ទីរពេទ្យមកពីម៉ាឡេស៊ី សម្រាប់អ្នកចូលរួមរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ ៧ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រីបន្តថា ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦ ផ្តល់ជូននូវសកម្មភាពជាច្រើនដល់អ្នកចូលរួម រាប់ចាប់តាំងពីការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី សាកល្បងសម្លៀកបំពាក់ប្រពៃណីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃបែបសិល្បៈ Henna ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ក៏ដូចជាឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ និងកញ្ចប់ដំណើរកម្សាន្តជាច្រើន។

ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បញ្ជាក់ថា ម៉ាឡេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏កក់ក្តៅ និងមានអត្ថន័យយូរអង្វែងមកហើយដែលបានបង្កើតឡើងប្រវត្តិសាស្ត្ររួមគ្នា ទំនាក់ទំនងវប្បធម៌ដ៏ជ្រាលជ្រៅ និង សេចក្តីស្រឡាញ់រួមចំពោះអាហារឆ្ងាញ់ៗ ប្រពៃណីដ៏រស់រវើក និងបទពិសោធធ្វើដំណើរដែលមិនអាចបំភ្លេចបាន។

លោកស្រី ពត រ៉ានី បន្ថែមថា “ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការនាំយករសជាតិនៃប្រទេសម៉ាឡេស៊ីមកជូនអ្នកនៅទីនេះក្នុងបេះដូងនៃទីក្រុងភ្នំពេញ”។
លោកស្រី ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បានបន្ថែមថា ការអញ្ជើញឲ្យរុករកព្រៃត្រូពិចខៀវស្រងាត់នៃកោះ Borneo ដើម្បីមុជទឹកចូលទៅក្នុងទឹកថ្លាឈ្វេងនៃកោះរបស់ម៉ាឡេស៊ី ដើម្បីដើរឆ្លងកាត់ផ្លូវវប្បធម៌នៃទីក្រុង Penang និង Melaka និងដើម្បីទទួលបានបទពិសោធនៃអច្ឆរិយភាពទំនើបនៃទីក្រុង Kuala Lumpur៕



