ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក អញ្ជើញបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា២០០នាក់​  នៅវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក!

កំពង់ធំ៖ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក   បានអញ្ជើញក្នុងពិធីបំពាក់កន្សែងឱ្យយុវជនកាកបាទក្រហមកម្ពុជាចំនួន២០០នាក់  នៅសាលាវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា ទីប្រឹក្សា​យុវជន​  និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនអ្នកផងដែរ។

ក្នុងឱកាសនេះផងដែរលោក ឡង គីសឹង ក៏បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជន​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហមកម្ពុជា និងលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ 

ជាមួយគ្នានេះផងដែរលោក ឡង គីសឹង  ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ សំអាតនៅសាលា និងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយធ្វើកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយដល់ថ្លៃថ្លារបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តាមរយៈលោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាក្រហមកម្ពុជាស្រុកសន្ទុក៕

ដោយ៖ សំនៀង

To Top