ព័ត៌មានជាតិ

យោធាថៃ បើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោងជាង៨យប់នេះ

ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។

លោកស្រីថា ជាមួយការចោទនេះ ក្រសួងការពារជាតិកម្ពុជាបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

លោកស្រីឲ្យដឹងទៀតថា លើសពីនេះ នៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។

សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

លោកស្រីបញ្ជាក់ពីគោលជំហររបស់កម្ពុជាសាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ៕

To Top