ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ច្រានចោល ចំពោះការចុះផ្សាយរបស់កងទ័ពភូមិភាគទី២ថៃ ថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ”

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។

ក្រសួងការពារជាតិ កម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយ ដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព រវាងកម្ពុជានិងថៃ ដូចការលើកឡើង របស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕

To Top