សម្តេចធិបតី និងនាយករដ្ឋមន្ត្រី វៀតណាម អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-ខេត្តតៃនិញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ជាមួយខេត្តតៃនិញ របស់វៀតណាម ។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹង ច្រកទ្វារព្រំដែន អន្តរជាតិតឺនណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ច្រកទ្វារព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិ លេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង ៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែល បានសាងសង់នៅឆ្នាំ២០១១ និងជួលជុលឡើងវិញក្នុងឆ្នាំ២០២៥ ។

ច្រកទ្វារអន្តរជាតិ ដែលបានសម្ពោធនាពេលនេះ ត្រូវបានរំពឹងថា នឹងជួយជំរុញបន្ថែម នូវទំហំការដោះដូរពាណិជ្ជកម្ម កម្រិតតំបន់(ព្រៃវែង-តៃនិញ) ជាកម្រិតថ្នាក់ជាតិ(កម្ពុជា-វៀតណាម) និងកម្រិតអន្តរជាតិ ជាលំហូរពាណិជ្ជកម្ម នៃទំនិញចេញ-ចូល មកពីប្រទេសផ្សេងៗទៀតផងដែរ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ សរុបចំនួនមនុស្សឆ្លងកាត់ចេញមានចំនួន ៣.១៨៦នាក់ ស្រី ១.៣៧៦នាក់ និងសរុបចំនួនមនុស្សឆ្លងកាត់ចូល មានចំនួន ២.១៥១នាក់ ស្រី ៨៦៧នាក់ ។ ការដោះដូរពាណិជ្ជកម្ម ឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរ សរុបទំហំពាណិជ្ជកម្ម មានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀលគត់) និងទទួលបានចំណូលពន្ធគយ សរុបចំនួន ១៩ ០៩៥ ៨២៤ ០០០ រៀល ។

គួររំលឹកថា ដំបូងឡើយទីតាំងច្រកទ្វារអន្តរជាតិនេះ ជាច្រករបៀង ដែលប្រជាពលរដ្ឋ ទាំងសងខាង(កម្ពុជា- វៀតណាម) តែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក នៅកំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតទៅជាច្រកទ្វារព្រំដែនតំបន់ បន្តមកដំឡើងទៅជា ច្រកទ្វារព្រំដែនអន្តរជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ។ ចំណែកគូរច្រកទ្វារព្រំដែន តឹនណាម ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម យល់ព្រមជាគោលការណ៍ ដំឡើងច្រកទ្វារនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ៕
ដោយ៖ ដារាត់| ដើមអម្ពិល
