ព័ត៌មានជាតិ

ក្រសួងការពារជាតិ បដិសេធ ចំពោះការផ្សាយ​ របស់សារព័ត៌មានថៃ ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ តាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះអាវុធម្តងជាពីរដង ពីសំណាក់ភាគីថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ និងបន្តមកដល់ព្រឹកថ្ងៃទី៨នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយគ្មានការពិត ចោទថាកម្ពុជា ជាអ្នកបាញ់ប្រហារមុនទៅលើថៃ ភ្លាមៗការចុះផ្សាយនេះ ក្រសួងការពារជាតិបានបដិសេធទាំងស្រុក ខណៈកម្ពុជាមិនទាំងបាញ់តបតឡើយ ។

យោងតាមកាបញ្ជាក់ របស់ក្រសួងការពារជាតិ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​ឱ្យដឹងថា ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃ បានចាប់ផ្តើមបើកការវាយប្រហារ មកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។

ក្នុងនោះក្រសួង បានគូសបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុ កាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ក្រសួងការពារជាតិបញ្ជាក់ថា ដោយឈរលើស្មារតី នៃការគោរពរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជា ក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដាន លើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរ ទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវផងដែរ ៕

To Top