ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «កម្លាំងជួរមុខទាំងអស់ ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពាន កំពុងប្រើអាវុធគ្រប់ប្រភេទ បាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់ម៉ិញនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។
សម្ដេច ថា «បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ បងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ សូមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ខិតខំជួយដល់ប្រជាជន ដែលភៀសសឹកចេញ ពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព»។

សម្ដេច បន្ថែមថា «ខ្ញុំបានលុបចោលកម្មវិធី ការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ ជាមួយការឈ្លានពាន ។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមិនអាចជួបខ្ញុំបាន ។ សូមកីឡាករ កីឡាការិនី ដែលទៅចូលការប្រកួត ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ចូលរួមការប្រកួតជាធម្មតា»៕
