ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យអាជ្ញាធរច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ បន្តធ្វើការជិតស្និទ្ធ ជាមួយវៀតណាម ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញ របស់វៀតណាម បន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញ នូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់លំហូរទំនិញ សេវា និងសកម្មភាពធុរកិច្ច និងជាពិសេសប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ។

ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តតៃនិញ របស់វៀតណាម ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ នូវជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រនានា​ នាពេលនេះ ​​និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសុខុមាភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និយាយជារួម ខេត្តព្រៃវែង និងខេត្តតៃនិញ របស់រៀតណាម និយាយដោយឡែក តាមរយៈការលើកកម្ពស់ ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ វប្បធម៌ សន្តិសុខ ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា ” ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែង របស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម បន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញ នូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់លំហូរទំនិញ សេវា និងសកម្មភាពធុរកិច្ច និងជាពិសេសក្នុងវិស័យ ដែលមានសក្តានុពលខ្ពស់ ដូចជាកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មកែឆ្នៃ សម្រាប់ការនាំចេញជាដើម ព្រមទាំងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន”។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ច្រកទ្វារព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិ លេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង ៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែល បានសាងសង់នៅឆ្នាំ២០១១ និងជួលជុលឡើងវិញក្នុងឆ្នាំ២០២៥៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top