ក្រសួងការពារជាតិ ៖ ថៃជាអ្នកបាញ់ មកលើកម្ពុជាមុន កម្ពុជា មិនបានបាញ់តបតឡើយ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត គឺកងកម្លាំងយោធាថៃ បានចាប់ផ្តើមបើកការវាយប្រហារ មកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។
ក្រសួងបញ្ជាក់ថា សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើន ថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីថ្ងៃ៧ ធ្នូ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា ។
ដោយឈរលើស្មារតី នៃការគោរពរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជា ក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាន នូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ៕
