ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ចាំបាច់យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស សំដៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការ ស្នេហាជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ចាំបាច់យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស សំដៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការស្នេហាជាតិ ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេច និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ជាមួយខេត្តតៃនិញ របស់វៀតណាម ។

ក្នុងនោះសម្តេចធិបតី បានថ្លែងថា ទាំងសកលលោក ​និងតំបន់ ក៏ដូចជាកម្ពុជា បានកំពុងហ៊ុំព័ទ្ធដោយហានិភ័យ ភាពមិនប្រាកដប្រជាខ្ពស់ ឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភាពតានតឹង នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ការកើនឡើងកាន់តែខ្លាំង នៃគោលនយោបាយគាំពារសង្គម និងសង្គ្រាមពាណិជ្ជកម្ម ការបន្តនិន្នាការថមថយ នៃកំណើនសេដ្ឋកិច្ចសកល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។

ក្នុងន័យនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា “កម្ពុជា ចាំបាច់យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ច ​និងសមត្ថភាពស្ថាប័ន ដើម្បីក៏សាងបាននូវប្រព័ន្ធ រដ្ឋបាលសាធារណៈមួយ ដែលស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ សំដៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការស្នេហារជាតិ ដោះស្រាយបញ្ហាសង្គម ប្រកបដោយភាពស័ក្តសិទ្ធនិងប្រសិទ្ធភាព និងអភិវឌ្ឍសេដ្ឋកិច្ច ​ប្រកបដោយភាពធន់ បរិយាបន្ត និងចីរភាព” ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រែក្លាយ បញ្ហាប្រឈម ទៅជាកលានុវត្តភាព នៅព្រំដែនទាំងអស់ ឱ្យក្លាយជាតំបន់អភិវឌ្ឍ និងសហប្រតិបត្តិការ ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top