សម្តេចធិបតី៖ នាពេលខាងមុខ នឹងមានច្រកទ្វារព្រំដែន អន្តរជាតិដទៃទៀត នឹងត្រូវតម្លើងកម្រិត ឬបង្កើតថ្មី ដើម្បីគាំទ្រកាន់តែសកម្ម ដល់សកម្មភាព ផលិតនិងតភ្ជាប់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់ថា នាពេលខាងមុខ នឹងមានច្រកទ្វារព្រំដែនអន្តរជាតិដទៃទៀត ដែលនឹងត្រូវតម្លើងកម្រិត ឬបង្កើតថ្មី ខណៈដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា បាននិងកំពុងកសាង និងកែលម្អ ដើម្បីគាំទ្រកាន់តែសកម្មដល់សកម្មភាពផលិត និងតភ្ជាប់កាន់តែប្រសើរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃវៀតណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ជាមួយខេត្តតៃនិញ របស់វៀតណាម ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រែក្លាយបញ្ហាប្រឈម ទៅជាកលានុវត្តភាពនៅព្រំដែនទាំងអស់ ឱ្យក្លាយជាតំបន់អភិវឌ្ឍ និងសហប្រតិបត្តិការ ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
បន្ថែមលើនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា ជាក់ស្តែងពិធីសម្ពោធដាក់ឱ្យដំណើរការ ច្រកទ្វារព្រំដែនអន្តរជាតិ នាថ្ងៃនេះ បង្ហាញអំពីសមទ្ធផល ដែលជាតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា វៀតណាម លើគ្រប់វិស័យ និងគ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជាតំបន់នៃឱកាស សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នាពេលខាងមុខ នឹងមានច្រកទ្វារព្រំដែនអន្តរជាតិដទៃទៀត ដែលនឹងត្រូវតម្លើងកម្រិត ឬបង្កើតថ្មី ខណៈដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា បាននិងកំពុងកសាង និងកែលម្អ ដើម្បីគាំទ្រកាន់តែសកម្ម ដល់សកម្មភាពផលិត និងតភ្ជាប់កាន់តែប្រសើរ ដល់លំហូរវិនិយោគិន ធុរកិច្ចជន កសិផល ទេសចរណ៍ និងអ្នកដំណើរ” ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងផ្តល់ការគាំទ្រដល់កម្ពុជា លើគ្រប់វិស័យ ស្របតាមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីជាប្រយោជន៍ របស់ប្រទេស និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
