ព័ត៌មានជាតិ

អ្នកនាំពាក្យការពារជាតិ បង្ហាញរបាយការណ៍យោធាថៃបាញ់លើកម្ពុជា តាំងពីម៉ោង៥ព្រឹកនេះ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញរបាយការណ៍ស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាតាំងពីម៉ោង៥ព្រឹកនេះ ។

របាយការណ៍របស់អ្នកនាំពាក្យមានដូចតទៅ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖
១.ម៉ោង ០៤:០០នាទី រថយន្តធន់ធំចំនួន ២គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងមុខតំបន់អានសេះ។
២.ម៉ោង ០៥:០៤នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន ២០-២៥គ្រាប់។
៣.ម៉ោង ០៥:១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨ គ្រាប់។
៤.ម៉ោង ០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន ១០០-១២០គ្រាប់។
៥.ម៉ោង ០៥:៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
៦.ម៉ោង ០៦:១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន ៣គ្រាប់។
៧.ម៉ោង ០៦:២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។
៨.ម៉ោង ០៦:៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។
៩.ម៉ោង ០៧:៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។
១០.ម៉ោង ០៨:១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។
១១.ម៉ោង ០៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។
១២.ម៉ោង ០៨:៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។
១៣.ម៉ោង ០៩:០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១៤.ម៉ោង ០៩:៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។
១៥.ម៉ោង ១០:០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ៕

To Top