កម្ពុជា ស្នើសហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់សម្ពាធលើថៃ បន្ទាប់ពីបន្ដឈ្លានពានមកលើកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃ បន្ទាប់ពីបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃ មកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. នៅថ្ងៃទី៨ ធ្នូ នេះ ថា គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកង កម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាអាទិ៍ CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើ តំបន់សហគមន៍ពលរដ្ឋ។ ការវាយប្រហារដ៏សាហាវរបស់យោធាថៃនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។
សកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់លើ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និង សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែល ទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន។ នេះសបញ្ជាក់យ៉ាងច្បាស់ ថា កងកម្លាំងយោធាថៃ បាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់
អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។
គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើ ប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងស្របតាម ច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។
គ.ស.ម.ក. សូមបញ្ជាក់ថា មិនថាពេលមានវិបត្តិ សង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណា ក៏ដោយ សិទ្ធិមនុស្សស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរព ជាដាច់ខាត។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបមានតម្លៃ ហើយត្រូវតែការពារក្រោម ច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។
សូមរំលឹកថា កម្ពុជានៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំង ពីរភាគីបានសម្រេចពីមុនមក។ កម្ពុជាប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើ កម្លាំងគ្រប់ទម្រង់។ កម្ពុជាបន្តខិតខំស្វែងរកដំណោះស្រាយដែលមានយុត្តិធម៌ មានតម្លាភាព ត្រឹមត្រូវ និងមានចីរភាពសម្រាប់បញ្ហាទាំងអស់៕
