ព័ត៌មានជាតិ

សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃ ដើម្បីបានស្លឹកឆ្នោត ហ៊ានយកជីវិតទ័ព-ពលរដ្ឋខ្លួន ធ្វើជាទុន ដើម្បីធ្វើសង្គ្រាម ជាមួយកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចមិននឹកស្មានទាល់តែសោះថា ដើម្បីឲ្យបានកាន់តំណែងបន្ត នាយករដ្ឋមន្រ្តីថៃ លោកអានុទីន បានយកជីវិតទ័ព និងប្រជាពលរដ្ឋខ្លួនធ្វើជាទុន ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានបង្ហាញវីដេអូ និងរូបភាពជាច្រើនសន្លឹករបស់លោក អនុទីន ដែលបានមកជាមួយលោកស្រី បាន ស្រីមុំ ក្នុងភោជនីយដ្ឋានមួយកន្លែង នៅលើទឹកដីកម្ពុជា ដែលបង្ហាញពីរាក់ទាក់គ្នាយ៉ាងស្និទ្ធស្នាល។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាមុននេះបន្តិចដែលបានភ្ជាប់រូបរវាងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកអនុទីន សម្តេចតេជោបានសរសេររៀបរាប់ថា សម្តេចមិននឹកស្មានសោះថា លោក អនុធីន នាយករដ្ឋមន្ត្រីថៃ ដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខ គឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជន ដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនៅឡើយ ។

សម្តេចតេជោបន្តថា នៅពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភក្ដិ ប៉ុន្តែដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព ។

សម្តេចបញ្ជាក់ថា “យើងយល់ពីការស្រឡាញ់ជាតិ តែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិន
តបតនោះដែរ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧មកដល់ថ្ងៃ៨ ធ្នូនេះ យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា នៅតំបន់ជាប់ព្រំដែនច្រើនកន្លែង បង្កឲ្យជនស៊ីវិលរបស់កម្ពុជា រងរបួសជាច្រើននាក់ផងដែរ ៕

To Top